អំពីសមាគម
លើកកម្ពស់វិជ្ជាជីវៈព្យាបាលដោយចលនា តាមរយៈការដឹកនាំ ការអប់រំ និងការផ្តល់សេវាប្រកបដោយសមភាពនៅកម្ពុជា។
ប្រវត្តិសង្ខេប
សមាគមពេទ្យព្យាបាលដោយចលនាកម្ពុជា (សពចក) ត្រូវបានផ្តួចផ្តើមបង្កើតឡើងក្នុងសិក្ខាសាលាអ្នកព្យាបាលដោយចលនា នាថ្ងៃទី០៩ ខែធ្នូ ឆ្នាំ១៩៩៤។ សមាគមបានទទួលការទទួលស្គាល់ជាផ្លូវការពីក្រសួងមហាផ្ទៃ តាមលិខិតលេខ ៨៨៤ ស.ជ.ណ ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ១៩៩៧ និងការបញ្ជាក់ទទួលស្គាល់វិជ្ជាជីវៈបច្ចេកទេសសុខាភិបាលពីក្រសួងសុខាភិបាល តាមលិខិតលេខ ៥៤១ ស.អចម ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ១៩៩៧។
ដើម្បីឆ្លើយតបនឹងការវិវត្តនៃវិជ្ជាជីវៈ សមាគមបានកែសម្រួលលក្ខន្តិកៈ និងរចនាសម្ព័ន្ធដឹកនាំជាបន្តបន្ទាប់។ ក្រសួងមហាផ្ទៃបានចេញប្រកាសលេខ ១០៦៤ ប្រ.ក ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ដើម្បីប្តូរឈ្មោះជាផ្លូវការមកជា «សមាគមពេទ្យព្យាបាលដោយចលនាកម្ពុជា»។
ការបង្កើតសមាគម
សមាគមត្រូវបានផ្តួចផ្តើមបង្កើតក្នុងសិក្ខាសាលាអ្នកព្យាបាលដោយចលនា នាថ្ងៃទី០៩ ខែធ្នូ ឆ្នាំ១៩៩៤។
ការទទួលស្គាល់ពីក្រសួងមហាផ្ទៃ
ទទួលស្គាល់ជាផ្លូវការតាមលិខិតលេខ ៨៨៤ ស.ជ.ណ ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ១៩៩៧។
ការទទួលស្គាល់ពីក្រសួងសុខាភិបាល
ការបញ្ជាក់ទទួលស្គាល់វិជ្ជាជីវៈបច្ចេកទេសសុខាភិបាល តាមលិខិតលេខ ៥៤១ ស.អចម ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ១៩៩៧។
ការកែប្រែឈ្មោះជាផ្លូវការ
ក្រសួងមហាផ្ទៃបានចេញប្រកាសលេខ ១០៦៤ ប្រ.ក ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ស្តីពីការប្តូរឈ្មោះជាផ្លូវការ។
ចក្ខុវិស័យ
ប្រជាជនកម្ពុជាគ្រប់វ័យ និងភេទ មានសុខភាព និងសុខុមាលភាពកាន់តែប្រសើរឡើង តាមរយៈការអប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការអនុវត្តវិជ្ជាជីវៈ និងការផ្តល់សេវាកម្មព្យាបាលដោយចលនាប្រកបដោយគុណភាពខ្ពស់ និងសមភាព។
បេសកកម្ម
សហការជាមួយអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល វិជ្ជាជីវៈពាក់ព័ន្ធ ស្ថាប័នរដ្ឋ វិស័យឯកជន និងដៃគូនានាទាំងក្នុងនិងក្រៅប្រទេស ដើម្បីដាក់បញ្ចូល និងលើកកម្ពស់ការអប់រំ ការបណ្តុះបណ្តាលពេទ្យព្យាបាលដោយចលនាឱ្យមានកម្រិតស្តង់ដារ និងគុណភាពខ្ពស់ ព្រមទាំងចូលរួមចំណែកក្នុងការសិក្សាស្រាវជ្រាវ និងការផ្តល់សេវាសុខាភិបាលតាមរយៈកិច្ចអន្តរាគមន៍ពីពេទ្យព្យាបាលដោយចលនា ប្រកបដោយគុណភាព សមធម៌ និងសីលធម៌វិជ្ជាជីវៈ ដល់អ្នកប្រើប្រាស់សេវា និងជនមានពិការភាពនៅទូទាំងប្រទេសកម្ពុជា។
គោលបំណង និងគោលដៅ
គោលបំណង
ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការពង្រឹង និងបង្កើនសុខភាព ការបង្ការ និងព្យាបាលជំងឺ និងស្តារលទ្ធភាពពលកម្ម ព្រមទាំងការបង្ការពិការភាពជូនប្រជាជនកម្ពុជាទាំងអស់។
គោលដៅ
សហការជាមួយអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលនានា អ្នកពាក់ព័ន្ធជាបុគ្គល ស្ថាប័នរដ្ឋ វិស័យឯកជន សមាគម និងអង្គការមិនមែនរដ្ឋាភិបាលទាំងក្នុងនិងក្រៅប្រទេស ដើម្បីធ្វើការផ្សព្វផ្សាយ អប់រំ និងបណ្តុះបណ្តាលពេទ្យព្យាបាលដោយចលនា បំពេញតម្រូវការធនធានមនុស្សប្រកបដោយគុណភាព។ ចូលរួមលើកកម្ពស់សុខភាពជូនប្រជាជន តាមរយៈការបង្ការ ការពារ ព្យាបាល និងការស្តារនីតិសម្បទា ព្រមទាំងចូលរួមបង្កើតបទដ្ឋានគតិយុត្ត គោលនយោបាយ យុទ្ធសាស្ត្រ និងក្រមប្រតិបត្តិវិជ្ជាជីវៈប្រកបដោយសីលធម៌ សមធម៌ គុណភាព ផាសុកវត្ថុ និងបរិយាបន្ន។
គុណតម្លៃស្នូលទាំង ៥
វិជ្ជាជីវៈ
អនុលោម និងអនុវត្តតាមស្តង់ដារជាតិ និងក្រមសីលធម៌វិជ្ជាជីវៈព្យាបាលដោយចលនាគ្រប់ពេលវេលា។
តម្លាភាព និងគណនេយ្យភាព
រក្សាអភិបាលកិច្ចល្អ និងការទទួលខុសត្រូវខ្ពស់ក្នុងការដឹកនាំគ្រប់សកម្មភាព។
សុខដុមនីយកម្ម
បង្រួបបង្រួមអ្នកប្រកបវិជ្ជាជីវៈព្យាបាលដោយចលនាទូទាំងប្រទេសឱ្យក្លាយជាសំឡេងតែមួយ។
កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ
ពង្រឹង និងរក្សានូវកិច្ចសហប្រតិបត្តិការរឹងមាំជាមួយដៃគូជាតិ និងអន្តរជាតិ (រួមទាំង World Physiotherapy)។
សមភាព
គោរពសិទ្ធិមនុស្ស និងផ្តល់សេវាថែទាំសុខភាពប្រកបដោយសមភាព គ្មានការរើសអើង។
